រឿងជោគជ័យ

Khadaffy Janjalani (ស្លាប់)

ចំណាប់មនុស្សជំរឹតយកប្រាក់ និង ឃាតកម្មមកលើពលរដ្ឋអាមេរិកាំងក្នុងប្រទេសហ៊្វីលីពីន

RFJ បានបើកប្រាក់រង្វាន់សរុបចំនួន ៥ លានដុល្លារ ឲ្យទៅបុគ្គលជាច្រើនរូប ដែលបានផ្តល់ព័ត៌មានអំពីមេដឹកនាំក្រុមអាប៊ូសាយ៉ាស (Abu Sayyaf Group – ASG) ដែលមានឈ្មោះថា Khadaffy Janjalani ។ នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០០៧ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសហ៊្វីលីពីន បានចូលរួមធ្វើជាគណអធិបតី ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជាសាធារណៈមួយ ដល់បុគ្គលទាំងពីរ ដែលប្រារព្ធធ្វើឡើងនៅលើកោះ Jolo ។ 

Khadaffy Janjalani គឺជាមេដឹកនាំជាន់ខ្ពស់ម្នាក់ក្នុងចំណោមមេដឹកនាំជាច្រើនទៀតនៃអង្គការភេវរករ ASG ដែលមានមូលដ្ឋាននៅប្រទេសហ៊្វីលីពីន ។ Janjalani គឺជាអ្នកទទួលខុសត្រូវចំពោះអំពើចាប់ជំរឹតយកប្រាក់ និង មរណភាពរបស់ពលរដ្ឋហ្វ៊ីលីពីន និង អាមេរិកាំង ។ គាត់មានជាប់ពាក់ព័ន្ធនឹងការចាប់ជំរឹតលោក Martin និង Gracia Burnham និង ពលរដ្ឋអាមេរិកាំងពីរនាក់ផ្សេងទៀត ហើយទទួលខុសត្រូវដោយផ្ទាល់ចំពោះការកាត់ក្បាលពលរដ្ឋអាមេរិកាំងឈ្មោះ Guillermo Sobero ។ Janjalani ក៏បានរៀបចំផែនការ ហើយធ្វើការវាយប្រហារជាច្រើន ប្រឆាំងនឹងផលប្រយោជន៍របស់សហរដ្ឋអាមេរិក រាប់បញ្ចូលទាំង ផែនការសម្ងាត់ដាក់គ្រាប់បែកប្រឆាំងនឹងស្ថានទូតសហរដ្ឋអាមេរិក នៅក្នុងទីក្រុងម៉ានីល, ព្រឹត្តិការណ៍លិចកប៉ាល់ Superferry ១៤ នៅខែកុម្ភៈ ឆ្នាំ ២០០៤ និងការបំផ្ទុះគ្រាប់បែកបីដងនៅក្នុងទិវានៃក្តីស្រឡាញ់ឆ្នាំ ២០០៥ ដែលជាសរុបបានសម្លាប់ ឬ ធ្វើឲ្យរងរបួសប្រជាជនស្លូតត្រង់រាប់រយនាក់ ។ 

ដោយបានទទួលព័ត៌មានពីបុគ្គលជាច្រើន នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០០៦ កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសហ៊្វីលីពីន បានបើកប្រតិបត្តិការមួយដើម្បីចាប់ខ្លួន Janjalani ។ កំឡុងពេលធ្វើប្រតិបត្តិការ Janjalani ត្រូវបានគេរាយការណ៍ថាទទួលរងរបួសធ្ងន់ ប៉ុន្តែបានរត់គេចខ្លួនរួច ។ ក្នុងខែបន្តបន្ទាប់ មានលេចឮពាក្យចចាមអារ៉ាមអំពីមរណភាពរបស់ Janjalani ។ នៅចុងខែមករា ឆ្នាំ ២០០៧ បុគ្គលពីរនាក់បានផ្តល់ព័ត៌មានទាក់ទងនឹងទីតាំងសពរបស់ Janjalani ។ ក្រោយធ្វើតេស្ត DNA ភ្នាក់ងារ FBI បានអះអាងបញ្ជាក់ថា Janjalani បានស្លាប់ពិតប្រាកដមែន ។ ព័ត៌មានទាំងអស់ដែលបានផ្តល់ដោយបុគ្គលទាំងនេះ បានបញ្ជាក់ពីសារៈសំខាន់នៃទីតាំង និង ការកំណត់អត្តសញ្ញាណចុងក្រោយនៃ Janjalani ។ 

Skip to content