អំពី
រណសិរ្សរំដោះជាតិម៉ូរ៉ូ (MNLF) ត្រូវបានបង្កើតឡើងក្នុងប្រទេសហ្វ៊ីលីពីន ក្នុងឆ្នាំ ១៩៧២ ។ រណសិរ្សនេះបានចាប់ផ្តើមជាក្រុមបំបែកខ្លួនរបស់ចលនាឯករាជ្យមូស្លីម ។ រណសិរ្ស MNLF គឺជាអង្គការឈានមុខគេក្នុងចំណោមអ្នកផ្តាច់ខ្លួនម៉ូរ៉ូ អស់រយៈពេលជិតពីរទសវត្សរ៍ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ ។ នៅដើមទសវត្សរ៍ឆ្នាំ ១៩៩០ សមាជិករណសិរ្ស MNLF ជាច្រើនរូប បានបំបែកខ្លួន ទៅបង្កើតក្រុមអាប៊ូសាយ៉ាស (ASG) ដែលជាក្រុមមួយក្នុងចំណោមក្រុមភេវរករដ៏សាហាវបំផុតក្នុងប្រទេសហ្វ៊ីលីពីន ។
ក្នុងឆ្នាំ ១៩៩៦ រណសិរ្ស MNLF បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាប្រវត្តិសាស្រ្ត ជាមួយរដ្ឋាភិបាលហ្វ៊ីលីពីន ដោយបានបង្កើតតំបន់ពិសេសដើម្បីសន្តិភាព និងការអភិវឌ្ឍ (SZOPAD) ។ ប្រធានរណសិរ្ស MNLF លោក Nur Misuari ត្រូវបានគេហៅថាជា អភិបាលនៃតំបន់ស្វយ័តមូស្លីមមីនដាណាវ (ARMM) ដែលជាតំបន់មួយមានខេត្តដីគោកចំនួនពីរ និងខេត្តលើដីកោះចំនួនបី ដែលនៅទីនោះប្រជាជនមូស្លីមភាគច្រើនត្រូវបានគេផ្តល់ឲ្យនូវកម្រិតស្វ័យគ្រប់គ្រងមួយ ។ ការប៉ះទង្គិចគ្នាជារឿយៗនៅបន្តកើតមានរវាងក្រុមឧទ្ទាមជ្រុលនិយម និងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលនៅក្នុងតំបន់មីនដាណាវ ហើយពលរដ្ឋជាច្រើនក្នុងតំបន់បានអំពាវនាវឲ្យមានការបង្កើតក្របខណ្ឌដែលអាចធ្វើការបានមួយសម្រាប់ស្វ័យភាព និង ការអភិវឌ្ឍដ៏មានអត្ថន័យក្នុងតំបន់មូស្លីមមីនដាណាវ ។
នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០០៩ នៅលើកោះ Jolo ប្រទេសហ៊្វីលីពីន ឧបករណ៍ជាតិផ្ទុះដែលដាក់ដោយរណសិរ្ស MNLF បានផ្ទុះត្រូវក្បួនរថយន្តយោធាមួយ ។ ការផ្ទុះនេះបានសម្លាប់ទាហានសហរដ្ឋអាមេរិកពីរនាក់ និងទាហាននៃកងទ័ពហ៊្វីលីពីនម្នាក់ ដែលពួកគេជាផ្នែកមួយនៃបេសកកម្មមនុស្សធម៌ ដើម្បីកសាងសាលារៀនមួយខ្នងក្នុងតំបន់ ។
ក្នុងឆ្នាំ ២០១៣ សមាជិកទុច្ចរិតនៃរណសិរ្ស MNLF បានបើកការឡោមព័ទ្ធទីក្រុង Zamboanga យ៉ាងឃោឃៅរយៈពេលបីសប្តាហ៍ ដែលបានសម្លាប់សមាជិកកម្លាំងសន្តិសុខហ៊្វីលីពីនរាប់សិបនាក់ និងមនុស្សរាប់ពាន់នាក់ផ្លាស់ទីជម្រក ។
សព្វថ្ងៃ រណសិរ្ស MNLF មានក្រុមតូចៗជាច្រើន ដែលក្រុមខ្លះបានគាំទ្រដល់កិច្ចចរចារវាងរដ្ឋាភិបាលហ្វ៊ីលីពីន និង ក្រុមបំបែកខ្លួន រណសិរ្សរំដោះឥស្លាមម៉ូរ៉ូ (MILF) ។ ការចរចាទាំងនោះបានឈានដល់ការអនុម័ត ច្បាប់មូលដ្ឋានបង់សាម៉ូរ៉ូ (BOL) ឆ្នាំ ២០១៨ និងការបង្កើតតំបន់ស្វយ័តមូស្លីមមីនដាណាវបង់សាម៉ូរ៉ូ (BARMM) ឆ្នាំ ២០១៩ ។
