អំពី
ក្រុមអាល់កៃដាក្នុងប្រទេសអ៊ីរ៉ាក់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ ដោយភេវរករដែលបានស្លាប់ហើយ ឈ្មោះ Abu Mus‘ab al-Zarqawi ដែលបានស្បថសច្ចាប្រណិធានក្រុមចំពោះមេដឹកនាំក្រុមអាល់កៃដា (AQ) អូសាម៉ា ប៊ីន ឡាដិន ។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ al-Zarqawi បានរៀបចំក្រុមភេវរករ al-Tawhid wal-Jihad ដែលជាអង្គការបង្កើតមុនក្រុម AQI ដើម្បីប្រឆាំងនឹងវត្តមានរបស់កងកម្លាំងយោធាសហរដ្ឋអាមេរិក និងលោកខាងលិច នៅក្នុងពិភពឥស្លាម និងការគាំទ្ររបស់បច្ចិមលោក និងអត្ថិភាពរបស់ប្រទេសអ៊ីស្រាអែល ។ Al-Zarqawi បានធ្វើដំណើរទៅប្រទេសអ៊ីរ៉ាក់ កំឡុងប្រតិបត្តិការដើម្បីសេរីភាពប្រជាជនអ៊ីរ៉ាក់ ដែលជាការលុកលុយប្រទេសអ៊ីរ៉ាក់ ដោយការរួបរួមកម្លាំងពីប្រជាជាតិជាង ៤០ ដឹកនាំដោយសហរដ្ឋអាមេរិក ហើយគាត់បានដឹកនាំក្រុមរបស់គាត់ប្រឆាំងនឹងសហរដ្ឋអាមេរិក និង កម្លាំងសម្ព័ន្ធមិត្តនៅទីនោះរហូតទាល់តែមរណភាពរបស់គាត់នៅខែ មិថុនា ឆ្នាំ ២០០៦ ។ ក្រុម AQI បានយកកម្លាំងសម្ព័ន្ធមិត្ត និង កងកម្លាំងអ៊ីរ៉ាក់ និងជនស៊ីវិលធ្វើជាគោលដៅ ដើម្បីដាក់សម្ពាធឲ្យជនបរទេសចាកចេញពីប្រទេសអ៊ីរ៉ាក់, កាត់បន្ថយការគាំទ្រដ៏មានប្រជាប្រិយភាពរបស់ប្រជាជនអ៊ីរ៉ាក់ដល់សហរដ្ឋអាមេរិក និង រដ្ឋាភិបាលអ៊ីរ៉ាក់ និងទាក់ទាញការជ្រើសរើសសមាជិកថ្មីៗ ។ នៅខែតុលា ឆ្នាំ ២០០៦ ក្រុម AQI បានដាក់ឈ្មោះរបស់ខ្លួនឡើងវិញជាសាធារណៈថា រដ្ឋឥស្លាមក្នុងប្រទេសអ៊ីរ៉ាក់ ។ ក្រុមនេះបានក្លាយខ្លួនទៅជា រដ្ឋឥស្លាមអ៊ីរ៉ាក់និងស៊ីរី (ISIS) ក្នុងឆ្នាំ ២០១៣ ក្រោយក្រុមនេះបានឈប់ទាក់ទងជាមួយក្រុម AQ ។
នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០០៤ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម AQI (ដែលសព្វថ្ងៃគេស្គាល់ថាជា ISIS) ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ កាលពីមុន នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០០៤ ក្រសួងការបរទេសបានកំណត់ក្រុម AQI ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម ISIS និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម ISIS ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម ISIS ។
