អំពី
ក្រុមអាន់សារ អាល់ឌីន (AAD) ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ ២០១១ ។ ក្រោយរដ្ឋប្រហារក្នុងខែមីនា ឆ្នាំ ២០១២ ដែលផ្តួលរំលំរដ្ឋាភិបាលម៉ាលី ក្រុម AAD គឺស្ថិតក្នុងចំណោមអង្គការជាច្រើន ដែលបានកាន់កាប់ប្រទេសម៉ាលី ភាគខាងជើង, បានបំផ្លាញរមណីដ្ឋានបិតិកភណ្ឌពិភពលោករបស់អង្គការ UNESCO ហើយបានអនុវត្តច្បាប់សាសនាដ៏តឹងរ៉ឹងក្នុងតំបន់ជាច្រើនដែលស្ថិតក្រោមការត្រួតត្រារបស់ខ្លួន ។ ក្នុងឆ្នាំ ២០១៧ ក្រុម AAD បានចូលរួមជាមួយក្រុម Jama’at Nasr al-Islam wal Muslimin (JNIM) ដែលជាក្រុមចម្រុះថ្មីមួយរបស់ក្រុមសម្ព័ន្ធអាល់កៃដា ដែលដឹកនាំដោយមេដឹកនាំរបស់ក្រុម AAD គឺ Iyad ag-Ghali ។
នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៣ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់ក្រុម AAD ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ កាលពីមុន នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០១៣ ក្រសួងការបរទេសបានកំណត់ក្រុម AAD ថាជា ភេវរករសកលមុខសញ្ញាពិសេស ស្របតាមបទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ដូចដែលបានធ្វើវិសោធនកម្ម ។ ជាលទ្ធផល ទ្រព្យសម្បត្តិទាំងអស់របស់ក្រុម AAD និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិ ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម AAD ឡើយ ។ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម AAD ។
