អំពី
ក្រុមអាប៊ូសាយ៉ាស (Abu Sayyaf Group – ASG) បានបំបែកខ្លួនចេញពី រណសិរ្សរំដោះជាតិម៉ូរ៉ូ (Moro National Liberation Front) ក្នុងដើមទសវត្សរ៍ឆ្នាំ ១៩៩០ ហើយជាក្រុមភេវរករដ៏សាហាវបំផុតមួយក្នុងចំណោមក្រុមជាច្រើននៅក្នុងប្រទេសហ្វ៊ីលីពីន ។ ដោយទទួលបានឥទ្ធិពលពីក្រុមអាល់កៃដា តាំងពីដំបូងមក ASG ប្រកាសអះអាងលើកកម្ពស់រដ្ឋឥស្លាមឯករាជ្យមួយ នៅភាគខាងលិចមីនដាណាវ (Mindanao) និងប្រជុំកោះស៊ូលូ (Sulu) ។ ក្នុងពេលថ្មីៗនេះ សមាសភាពនៃក្រុមនេះបានបង្កើតសម្ព័ន្ធភាពជាមួយ អាយស៊ីស-ហ៊្វីលីពីន ដែលជាសាខាប្រចាំតំបន់របស់ក្រុមអាយស៊ីស (ISIS) ។ ក្រុមនេះបានប្រព្រឹត្តអំពើភេវរកម្មនៅទូទាំងប្រទេសហ្វ៊ីលីពីន រាប់បញ្ចូលទាំង ការដាក់គ្រាប់បែក ការធ្វើឃាត និង ការចាប់ខ្លួនដើម្បីទារយកប្រាក់លោះ ។
នៅថ្ងៃទី ៨ ខែតុលា ឆ្នាំ ១៩៩៧ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានកំណត់អង្គការ ASG ថាជា អង្គការភេវរករបរទេស ក្រោមជំពូក ២១៩ នៃច្បាប់ស្តីពីអន្តោប្រវេសន៍ និង សញ្ជាតិ ដូចដែលបានធ្វើវិសោធនកម្ម ។ ក្រោយមកទៀត នៅថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០០១ ក្រុម ASG ត្រូវបានចុះបញ្ជីឧបសម្ព័ន្ធនៃ បទបញ្ជាដាច់ណាត់ លេខ ១៣២២៤ ។ ជាលទ្ធផលនៃការកំណត់នេះ ក្នុងចំណោមផលវិបាកផ្សេងទៀត រាល់ទ្រព្យសម្បត្តិ និង ផលប្រយោជន៍ដែលបានមកពីទ្រព្យសម្បត្តិរបស់ក្រុម ASG ដែលស្ថិតក្រោមដែនយុត្តាធិការរបស់សហរដ្ឋអាមេរិក ត្រូវបានបិទ ហើយជាទូទៅ ពលរដ្ឋអាមេរិកត្រូវបានហាមឃាត់មិនឲ្យពាក់ព័ន្ធនឹងប្រតិបត្តិការណាមួយជាមួយក្រុម ASG ឡើយ ។ លើសពីនេះ វាគឺជាបទឧក្រិដ្ឋមួយក្នុងការផ្តល់ ឬ ប៉ុនប៉ង ឬ សមគំនិតផ្តល់ ដោយដឹងខ្លួនមុន នូវការគាំទ្រជាសម្ភារ ឬ ធនធានទៅឲ្យក្រុម ASG ។
