អំពី

សំណួរដែលគេសួរញឹកញាប់

តើអ្នកអាចបរិយាយពីប្រវត្តិខ្លះៗអំពីកម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ (RFJ) បានទេ?

RFJ គឺជាកម្មវិធីផ្តល់ប្រាក់រង្វាន់អន្តរទីភ្នាក់ងារ ដែលបានបង្កើតឡើងដោយ ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើភេវរកម្មអន្តរជាតិឆ្នាំ ១៩៨៤ ដែលជានីតិសាធារណៈ ៩៨-៥៣៣ (ដែលតាក់តែងជាក្រមតាមមាត្រា ២២ U.S.C. § ២៧០៨) ហើយគ្រប់គ្រងដោយការិយាល័យសន្តិសុខការទូតនៃក្រសួងការបរទេស ។

បេសកកម្មរបស់ RFJ គឺត្រូវស្វែងរកព័ត៌មានដែលជួយការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ។

ក្រោមសិទ្ធិអំណាចដែលកំណត់ដោយច្បាប់ឆ្នាំ ១៩៨៤ បេសកកម្មដើមរបស់ RFJ គឺត្រូវផ្តល់ប្រាក់រង្វាន់សម្រាប់ព័ត៌មាន ដែល៖

  • ឈានទៅដល់ការចាប់ខ្លួន ឬការកាត់ទោសជនណាម្នាក់ដែលរៀបចំផែនការ ប្រព្រឹត្ត ជួយ ឬ ប៉ុនប៉ងធ្វើសកម្មភាពភេវរកម្មអន្តរជាតិប្រឆាំងនឹងបុគ្គល ឬ ទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក
  • ទប់ស្កាត់អំពើបែបទាំងនោះកុំឲ្យកើតឡើងពីដំបូង
  • ឈានទៅរកការកំណត់អត្តសញ្ញាណ ឬ ទីតាំងលាក់ខ្លួនរបស់មេភេវរករសំខាន់ណាម្នាក់
  • បន្ទុចបង្អាក់ការផ្តល់ហិរញ្ញវត្ថុសម្រាប់អំពើភេវរកម្ម

ក្នុងឆ្នាំ ២០១៧ សភាបានធ្វើវិសោធនកម្មសិទ្ធិអំណាចដែលកំណត់ដោយច្បាប់របស់ RFJ ឲ្យបញ្ចូលការផ្តល់ប្រាក់រង្វាន់សម្រាប់ព័ត៌មានទាំងឡាយណា ដែលឈានទៅដល់៖

  • ការបន្ទុចបង្អាក់យន្តការហិរញ្ញវត្ថុរបស់បុគ្គលទាំងឡាយណាដែលជាប់ទាក់ទិននឹងសកម្មភាពមួយចំនួន ដែលគាំទ្រដល់របបកូរ៉េខាងជើង
  • ការកំណត់អត្តសញ្ញាណ ឬ ទីតាំងលាក់ខ្លួននៃបុគ្គលណាម្នាក់ ដែលធ្វើសកម្មភាពតាមការណែនាំ ឬ ក្រោមការត្រួតត្រារបស់រដ្ឋាភិបាលបរទេសមួយ ជួយ ឬ ញុះញង់ឲ្យមានការរំលោភបំពានលើ ច្បាប់ស្តីពីការក្លែងបន្លំ និង ការរំលោភតាមកុំព្យូទ័រ (ការប្រព្រឹត្តអំពើចូលលុកលុយក្នុងកុំព្យូទ័រដោយគ្មានការអនុញ្ញាត និងទម្រង់ផ្សេងទៀតនៃការក្លែងបន្លំដែលទាក់ទងនឹងកុំព្យូទ័រ)

ការផ្តល់ប្រាក់រង្វាន់អាចមានចំនួនចាប់ពីតិចជាង ១ លានដុល្លារ រហូតដល់ ២៥ លានដុល្លារ ។

RFJ អាចបើកប្រាក់រង្វាន់ ក្នុងករណីដែលពុំមានការផ្តល់ប្រាក់រង្វាន់ពីមុនមក ។


តើកម្មវិធី RFJ មានប្រសិទ្ធភាពប៉ុនណា?

ចាត់តាំងពីការកកើតមក កម្មវិធី RFJ បានបើកប្រាក់រង្វាន់លើសពី ២៥០ លានដុល្លារ ជូនដល់មនុស្សជាង ១២៥ នាក់ ដែលបានផ្តល់ព័ត៌មានមានសារៈសំខាន់ ដែលបានជួយការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ។

កិច្ចខិតខំប្រឹងប្រែងទាំងនេះបានជួយស្រោចស្រង់អាយុជីវិតជនស្លូតត្រង់រាប់មិនអស់ ។


តើអ្នកផ្សព្វផ្សាយការផ្តល់រង្វាន់ដោយរបៀបណា?

ក្រៅពីវេបសាយរបស់ RFJ យើងប្រើថ្នាលប្រព័ន្ធផ្សព្វផ្សាយសង្គមតាមភាសា បណ្ណប្រកាស ប្រអប់ឈើគូស ការផ្សាយពាណិជ្ជកម្មដែលបង់ប្រាក់តាមវិទ្យុ និង កាសែត អ៊ីនធើណិត និង មធ្យោបាយសមស្របផ្សេងទៀតដើម្បីទំនាក់ទំនងជាមួយបុគ្គលទាំងឡាយណា ដែលអាចមានព័ត៌មានដែលពាក់ព័ន្ធនឹងការផ្តល់ជូននេះ ។


តើព័ត៌មានអ្វីខ្លះដែលអ្នកបញ្ចេញ អំពីការបើកប្រាក់រង្វាន់ទាំងនេះ?

ការសម្ងាត់គឺជាទិដ្ឋភាពដ៏សំខាន់នៃកម្មវិធី RFJ ។ យើងមិនបញ្ចេញព័ត៌មានជាក់លាក់ជាសាធារណៈឡើយ ដែលបានរាយការណ៍មក ជាការឆ្លើយតបនឹងការផ្តល់ប្រាក់រង្វាន់របស់យើង ឬ ឈ្មោះរបស់បុគ្គលទាំងឡាយ ដែលទទួលបានប្រាក់រង្វាន់ ហើយជាធម្មតា យើងមិនបញ្ចេញព័ត៌មានជាសាធារណៈថា ប្រាក់រង្វាន់មួយត្រូវបានបើកនោះទេ ។ នៅក្នុងករណីធំៗមួយចំនួន យើងអាចប្រកាសពីការបើកប្រាក់រង្វាន់ ប៉ុន្តែមិនផ្តល់ព័ត៌មាន ឬ ឈ្មោះនៃប្រភព ដែលបានរាយការណ៍នោះទេ ។


តើអ្នកអាចផ្តល់ព័ត៌មានលម្អិតខ្លះៗអំពីភាពជោគជ័យ ឬការបើកប្រាក់រង្វាន់របស់កម្មវិធី RFJ ជាក់ស្តែងខ្លះបានទេ?

ក្នុងខែកុម្ភៈ ឆ្នាំ ១៩៩៥ Ramzi Yousef ដែលជាអ្នកបំផ្ទុះគ្រាប់បែកម្នាក់នៅមជ្ឈមណ្ឌលពាណិជ្ជកម្មពិភពលោក ត្រូវបានរកឃើញទីតាំងលាក់ខ្លួន ហើយចាប់ខ្លួនបានក្នុងប្រទេសប៉ាគីស្ថាន ដែលជាលទ្ធផលនៃព័ត៌មានដែលបានផ្តល់ដោយប្រភពមួយ ដែលឆ្លើយតបនឹងការផ្តល់ប្រាក់រង្វាន់របស់កម្មវិធី RFJ ។

RFJ ក៏បានបើកប្រាក់រង្វាន់ជាច្រើនទៅឲ្យបុគ្គលផ្សេងៗ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជាសាធារណៈផ្សេងៗពីគ្នាចំនួនបួន ក្នុងប្រទេសហ្វ៊ីលីពីន ។  នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០០៧ ក្នុងពិធីប្រគល់ប្រាក់រង្វាន់ជាសាធារណៈមួយ RFJ បានបើកប្រាក់ចំនួន ១០ លានដុល្លារ ។ ការបើកប្រាក់រង្វាន់នេះ គឺជាការបើកប្រាក់ដ៏ធំបំផុតរបស់ RFJ ក្នុងប្រទេសហ្វ៊ីលីពីន ចាប់តាំងពីកម្មវិធីបានចាប់ដំណើរការមក ។

RFJ បានបើកប្រាក់រង្វាន់ចំនួន ៣ លានដុល្លារអាមេរិក ជូនដល់បុគ្គលម្នាក់ ដែលបានផ្តល់ព័ត៌មាន ដែលឈានដល់ការចាប់ខ្លួន និងកាត់ទោសមេដឹកនាំភេវរករ ឈ្មោះ Ahmed Abu Khattalah ដែលជាមេខ្លោងរៀបចំការវាយប្រហារក្នុងឆ្នាំ ២០១២ មកលើ អគារស្ថានអង្គទូតបណ្តោះអាសន្ន និង អគារបន្ថែមរបស់សហរដ្ឋអាមេរិក ក្នុងទីក្រុងបេនហ្កាហ្ស៊ី ប្រទេសលីប៊ី ដែលបានសម្លាប់ពលរដ្ឋអាមេរិកាំងចំនួនបួននាក់ រាប់បញ្ចូលទាំង ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកផង ។


តើយើងអាចប្រាកដថា អ្នកបើកប្រាក់រង្វាន់មែនដោយរបៀបណា បើសិនជាទូទៅអ្នកមិនផ្តល់ព័ត៌មានជាក់លាក់ផង?

ដូចបានលើកឡើងខាងដើម ជាធម្មតា RFJ ពិតជាធ្វើការប្រកាសដោយមានដែនកំណត់ អំពីការបើកប្រាក់រង្វាន់សម្រាប់ករណីធំៗ ។

យើងក៏ដាក់របាយការណ៍សម្ងាត់មួយទៅសភាសហរដ្ឋអាមេរិក ក្រោយការបើកប្រាក់រង្វាន់រួចផងដែរ ។


តើត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះដើម្បីទទួលបានប្រាក់រង្វាន់? តើព័ត៌មានប្រភេទណាដែលអ្នកកំពុងស្វែងរក?

បុគ្គលទាំងឡាយអាចមានសិទ្ធិទទួលបានប្រាក់រង្វាន់ បើសិនពួកគេផ្តល់ព័ត៌មានដែល៖

  • ជួយទប់ស្កាត់ ឬ ដោះស្រាយដោយអនុគ្រោះអំពើភេវរកម្មអន្តរជាតិ ប្រឆាំងបុគ្គល ឬ ទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក ទោះនៅកន្លែងណាក៏ដោយនៅលើពិភពលោក ។
  • ឈានទៅរកការកំណត់អត្តសញ្ញាណ ឬ ទីតាំងលាក់ខ្លួនរបស់មេដឹកនាំសំខាន់ក្នុងអង្គការភេវរករបរទេស ។
  • បន្ទុចបង្អាក់យន្តការហិរញ្ញវត្ថុរបស់បុគ្គល ឬ អង្គភាពទាំងឡាយណា ដែលជាប់ទាក់ទិនក្នុងសកម្មភាពមួយចំនួន ដែលគាំទ្រដល់របបកូរ៉េខាងជើង ។
  • ឈានដល់ការកំណត់អត្តសញ្ញាណ ឬ ទីតាំងលាក់ខ្លួននៃបុគ្គលណាម្នាក់ ដែលធ្វើសកម្មភាពតាមការណែនាំ ឬ ក្រោមត្រួតត្រារបស់រដ្ឋាភិបាលបរទេសមួយ ជួយ ឬ ញុះញង់ឲ្យមានការរំលោភបំពានលើ ច្បាប់ស្តីពីការក្លែងបន្លំ ឬ ការរំលោភតាមកុំព្យូទ័រ ។

ជាទូទៅ មន្រ្តីរដ្ឋាភិបាលមិនមានសិទ្ធិទទួលបានប្រាក់រង្វាន់ទេ លុះត្រាតែពួកគេផ្តល់ព័ត៌មានក្រៅការបំពេញភារកិច្ចផ្លូវការរបស់ពួកគេ ។


ចុះបើសិនប្រភពមួយប្រថុយជីវិតរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានអំពីភេវរករម្នាក់ ហើយបន្ទាប់មក គាត់យល់ឃើញថា អាយុជីវិតរបស់គាត់កំពុងប្រឈមនឹងគ្រោះថ្នាក់? តើ RFJ អាចផ្តល់ការការពារបានទេ?

ការសម្ងាត់គឺជាគ្រឹះមូលដ្ឋានមួយនៃកម្មវិធី RFJ ។ RFJ រក្សាការសម្ងាត់យ៉ាងតឹងរ៉ឹងនូវអត្តសញ្ញាណនៃប្រភពទាំងឡាយ ដែលបានផ្តល់ព័ត៌មាន និង បុគ្គលទាំងឡាយដែលបានទទួលប្រាក់រង្វាន់ ។ បន្ថែមលើនេះ ការផ្លាស់ប្តូរលំនៅដ្ឋានក៏មានផងដែរ ដោយផ្អែកតាមករណីនីមួយៗសម្រាប់ប្រភពមួយ និង គ្រួសាររបស់គាត់ ។


តើបុគ្គលទាំងឡាយទទួលបានប្រាក់រង្វាន់ដោយរបៀបណា?

ការបើកប្រាក់រង្វាន់របស់ RFJ គឺជាដំណើរការដែលមានចេតនា៖

  • ទីភ្នាក់ងារស៊ើបអង្កេតមួយរបស់សហរដ្ឋអាមេរិក (ដូចជា ក្រសួងការពារជាតិ ឬ FBI) ឬ ស្ថានទូតមួយរបស់សហរដ្ឋអាមេរិកនៅឯបរទេស ជាដំបូងត្រូវតែស្នើដាក់ឈ្មោះបុគ្គលម្នាក់សម្រាប់ប្រាក់រង្វាន់មួយ ។ បុគ្គលទាំងឡាយដែលបានទាមទារថាបានផ្តល់ព័ត៌មាន មិនអាចស្នើដាក់ឈ្មោះខ្លួនឯងដើម្បីបើកប្រាក់រង្វាន់បានឡើយ ។
  • នៅពេលធ្វើការត្រួតពិនិត្យផ្នែកច្បាប់អំពីសិទ្ធិទទួលបាន គណៈកម្មការអន្តរទីភ្នាក់ងារ ធ្វើការវាយតម្លៃយ៉ាងប្រុងប្រយ័ត្នលើព័ត៌មាន ដែលបានផ្តល់ដោយទីភ្នាក់ងារដែលធ្វើការតែងតាំងនោះ ។ ក្រោយការពិភាក្សាសម្រេចលើគុណសម្បត្តិនៃការតែងតាំង គណៈកម្មការផ្តល់អនុសាសន៍ទៅរដ្ឋមន្រ្តីក្រសួងការបរទេស ។
  • ទោះបីជាយ៉ាងណាក៏ដោយ អនុសាសន៍របស់គណៈកម្មការ មិនបង្គាប់ឲ្យធ្វើតាមនោះទេ ។ រដ្ឋមន្រ្តីក្រសួងការបរទេសមានឆន្ទានុសិទ្ធិពេញលេញថាតើត្រូវអនុញ្ញាតផ្តល់ប្រាក់រង្វាន់ឬអត់ ហើយអាចផ្លាស់ប្តូរចំនួនទឹកប្រាក់រង្វាន់ ស្របតាមលក្ខខណ្ឌនៃច្បាប់ ។
  • មុនពេលបើកប្រាក់រង្វាន់មួយលើករណីដែលមានដែនយុត្តាធិការបទឧក្រិដ្ឋសហព័ន្ធ អគ្គរដ្ឋអាជ្ញាត្រូវតែព្រមព្រៀងជាមួយរដ្ឋមន្រ្តីក្រសួងការបរទេស ។
  • ការតែងតាំងមួយមិនធានាចំពោះការឯកភាពលើការបើកប្រាក់ទេ ។ ការសម្រេចបើកប្រាក់ដោយរដ្ឋមន្រ្តីការបរទេស គឺជាការសម្រេចចុងក្រោយ និង ប្រាកដប្រជា ហើយមិនប្រឈមនឹងការសើរើឡើងវិញខាងតុលាការឡើយ ។

តើគេកំណត់ចំនួនទឹកប្រាក់រង្វាន់ដោយរបៀបណា?

ចំនួនទឹកប្រាក់រង្វាន់ គឺផ្អែកលើកត្តាមួយចំនួន មានជាអាទិ៍៖ តម្លៃនៃព័ត៌មានដែលបានផ្តល់ឲ្យ; កម្រិតនៃការគំរាមកំហែងដែលបន្ធូរបន្ថយដោយព័ត៌មានដែលបានទទួល; ភាពធ្ងន់ធ្ងរនៃគ្រោះថ្នាក់ ឬការរងរបួសទៅដល់បុគ្គល ឬ ទ្រព្យសម្បត្តិសហរដ្ឋអាមេរិកដែលបានបង្ហាញដោយការគំរាមកំហែង; ហានិភ័យដែលប្រភពមួយ និងគ្រួសាររបស់គាត់ប្រឈម; និង កម្រិតនៃការសហការរបស់ប្រភព ។  គ្មានការបើកប្រាក់ណាមួយត្រូវបានធ្វើឡើងជាការដោះដូរនឹងកសិណសាក្សីឡើយ ។

ការបើកប្រាក់ទៅឲ្យប្រភពមួយអាចជាចំនួនទឹកប្រាក់មួយរហូតដល់ទៅចំនួនទឹកប្រាក់សរុបជាដុល្លារនៃការផ្តល់ជូនប្រាក់រង្វាន់មួយដែលបានផ្សព្វផ្សាយ ។


តើ RFJ ធ្លាប់ដកនរណាម្នាក់ចេញពីបញ្ជីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ទេ? បើដូច្នោះមែន តើជានរណា ហើយមូលហេតុអ្វី?

បាទ/ចាស ធ្លាប់មែន កម្មវិធីប្រាក់រង្វាន់ដើម្បីយុត្តិធម៌បានដកជនសង្ស័យផ្សេងៗចេញពីបញ្ជីរបស់ខ្លួនក្នុងឆ្នាំកន្លងមក រាប់បញ្ចូលទាំង មេដឹកនាំអាល់កៃដា Usama bin Ladin និងមេដឹកនាំអាយស៊ីស (ISIS) ឈ្មោះ Abu Bakr al-Baghdadi ។

ជនសង្ស័យអាចត្រូវបានគេដកចេញពីបញ្ជីរបស់ RFJ ក្រោមហេតុផលជាច្រើន រួមមាន នៅពេលពួកគេត្រូវបាននាំខ្លួនទៅចូលគុក ដោយការអនុវត្តច្បាប់ ឬ កម្លាំងសន្តិសុខ, នៅពេលពួកគេត្រូវបានបញ្ជាក់ថាបានស្លាប់ ឬ បើមិនដូច្នោះទេ បានប្រកាសដោយប្រភពផ្លូវការមួយថាលែងមានការគំរាមកំហែងទៀតហើយ ។


តាមរយៈការផ្តល់ប្រាក់រង្វាន់ តើអ្នកមិនកំពុងលើកទឹកចិត្តដល់ភ្នាក់ងារសម្ងាត់ឯកជនទេឬ?

យើងមិនលើកទឹកចិត្តទាល់តែសោះដល់ភ្នាក់ងារសម្ងាត់ឯកជន ឬ បុគ្គលផ្សេងទៀតមិនមែនរដ្ឋាភិបាលពីការបន្តការចាប់ខ្លួនភេវរករ ឬបុគ្គលទាំងឡាយដែលគេកំពុងតាមចាប់ខ្លួន ។ ជំនួសមកវិញ RFJ ផ្តល់ប្រាក់រង្វាន់សម្រាប់ព័ត៌មានដែលផ្តល់លទ្ធភាពដល់អាជ្ញាធររដ្ឋាភិបាលពាក់ព័ន្ធ ដើម្បីស្វែងរកទីតាំងលាក់ខ្លួន និងចាប់ខ្លួនបុគ្គលបែបទាំងនោះ ។


បើសិនខ្ញុំចង់ផ្តល់ព័ត៌មាន តើខ្ញុំទាក់ទងទៅនរណា?

បុគ្គលទាំងឡាយណាដែលមានព័ត៌មាន គួរផ្ញើសារជាអក្សរទៅ RFJ តាមរយៈ WhatsApp, Telegram, ឬ Signal តាមលេខ (202) 702-7843 ។

បុគ្គលទាំងឡាយក៏អាចបញ្ជូនព័ត៌មានរបស់ពួកគេ ដោយទាក់ទងមក ការិយាល័យសន្តិសុខប្រចាំតំបន់ នៅតាមស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដែលនៅជិតបំផុត ឬ ការិយាល័យ FBI ដែលនៅជិតបំផុត ។


ខ្ញុំចង់សុំការអនុញ្ញាតដើម្បីប្រើប្រាស់ឯកសារ (រូបភាព) ពីវេបសាយរបស់អ្នកនៅក្នុងបទបង្ហាញ ឬ ការបោះពុម្ពផ្សាយរបស់ខ្ញុំ ។

បើសិនការរក្សាសិទ្ធិមិនមានបញ្ជាក់ទេ ព័ត៌មាននៅលើវេបសាយគឺស្ថិតក្នុងដែនសាធារណៈ ហើយគេអាចយកទៅផលិតឡើងវិញ បោះពុម្ព បើមិនដូច្នោះទេ ប្រើប្រាស់ដោយគ្មានការអនុញ្ញតពី RFJ ឡើយ ។ យើងស្នើសុំថា RFJ ត្រូវបានគេដាក់យោងជាប្រភពនៃព័ត៌មាន ហើយថា ក្រេឌីតរូបថត ឬឈ្មោះអ្នកនិពន្ធ គួរដាក់ស្រដៀងគ្នានេះដែរទៅដល់អ្នកថតរូប ឬ អ្នកនិពន្ធ ឬ RFJ តាមសមស្រប ។

បើសិន ការរក្សាសិទ្ធិមានបញ្ជាក់នៅលើរូបថត ក្រាហ្វិក ឬឯកសារដទៃទៀត ការសុំការអនុញ្ញាតថតចម្លងឯកសារទាំងនេះ ត្រូវតែទទួលបានពីប្រភពដើម ។ ក្រៅពីនេះ អ្នកគួរដឹងថា ច្បាប់ព្រហ្មទណ្ឌ មាត្រា ១៨ U.S.C. ៧១៣ ហាមឃាត់ការប្រើប្រាស់សញ្ញាជាតិរបស់សហរដ្ឋអាមេរិក ក្រោមកាលៈទេសៈមួយចំនួន ដែលបញ្ជាក់ក្នុងផ្នែកនោះ ។ ដូច្នេះ យើងសូមណែនាំថា អ្នកពិគ្រោះយោបល់ជាមួយមេធាវី មុនពេលប្រើប្រាស់សញ្ញាជាតិក្នុងបរិបទណាមួយ ។


តើ​ខ្ញុំដឹងថា វេបសាយ​ RewardsForJustice.net ពិត​ជា​វេបសាយ​​មួយ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ដោយ​របៀប​ណា?

Rewards for Justice ត្រូវ​បាន​គ្រប់គ្រង​ដោយសេវា​សន្តិសុខ​ការទូត (DSS) ​នៃ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ។ DSS ដាក់បញ្ចូល​ផ្នែក​មួយអំពីប្រាក់រង្វាន់ដើម្បីយុត្តិធម៌ (Rewards for Justice) នៅលើ​វេបសាយ​ផ្លូវការ​របស់ខ្លួនគឺ៖ Visit External Link ។ ទំព័រនោះភ្ជាប់​ដោយ​ផ្ទាល់​ទៅកាន់​វេបសាយ​នេះ — វេបសាយ​ផ្លូវការ​របស់ RFJ — សម្រាប់​ឲ្យមនុស្ស​គ្រប់គ្នា​ផ្ញើ​តម្រុយ ។



Skip to content