អំពី
ប្រវត្តិកម្មវិធី និងសិទ្ធិអំណាចដែលកំណត់ដោយច្បាប់
RFJ ដែលជាកម្មវិធីផ្តល់ប្រាក់រង្វាន់សម្រាប់សន្តិសុខជាតិនៃក្រសួងការបរទេសសហរដ្ឋអាមេរិក ត្រូវបានបង្កើតឡើងដោយ ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើភេវរកម្មអន្តរជាតិ ឆ្នាំ ១៩៨៤ ដែលជានីតិសាធារណៈ ៩៨-៥៣៣ (ដែលតាក់តែងជាក្រមតាមមាត្រា ២២ U.S.C. § ២៧០៨) ។ គ្រប់គ្រងដោយការិយាល័យសន្តិសុខការទូតនៃក្រសួងការបរទេស បេសកកម្មរបស់ RFJ គឺត្រូវផ្តល់ប្រាក់រង្វាន់ដើម្បីទទួលបានព័ត៌មាន ដែលការពារដល់អាយុជីវិតរបស់ពលរដ្ឋអាមេរិកាំង និង ផលប្រយោជន៍របស់សហរដ្ឋអាមេរិក និងលើកកម្ពស់សន្តិសុខជាតិសហរដ្ឋអាមេរិក ។
ចាប់តាំងពីឆ្នាំ ១៩៨៤ សភាបានពង្រីកសិទ្ធិអំណាចរបស់ RFJ ក្នុងការផ្តល់ប្រាក់រង្វាន់សម្រាប់ព័ត៌មានទាំងឡាយណា ជាបួនប្រភេទធំៗ៖
- ភេវរកម្ម សម្រាប់ព័ត៌មានដែល
- ឈានទៅដល់ការចាប់ខ្លួន ឬការកាត់ទោសជនណាម្នាក់ដែលរៀបចំផែនការ ប្រព្រឹត្ត ជួយ ឬ ប៉ុនប៉ងធ្វើសកម្មភាពភេវរកម្មអន្តរជាតិប្រឆាំងនឹងបុគ្គល ឬ ទ្រព្យសម្បត្តិរបស់សហរដ្ឋអាមេរិក នៅក្នុងសហរដ្ឋអាមេរិក និង បរទេស
- ទប់ស្កាត់អំពើបែបទាំងនោះកុំឲ្យកើតឡើងពីដំបូង
- កំណត់អត្តសញ្ញាណ ឬ ទីតាំងលាក់ខ្លួនរបស់មេដឹកនាំភេវរករសំខាន់ ឬ
- បន្ទុចបង្អាក់យន្តការហិរញ្ញវត្ថុរបស់អង្គការភេវរករបរទេស ។ នេះរាប់បញ្ចូលទាំង ការបន្ទុចបង្អាក់បណ្តាញចាប់ជំរឹតយកប្រាក់ និង ហេតុការណ៍ចាប់ជំរឹតយកប្រាក់ ដែលគាំទ្រខាងហិរញ្ញវត្ថុដល់អង្គការទាំងនោះ ។
- ការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោត សម្រាប់ព័ត៌មានដែល
- ឈានទៅរកការកំណត់អត្តសញ្ញាណ ឬ ទីតាំងលាក់ខ្លួនរបស់ជនបរទេសដែលបានចូលរួមដោយដឹងខ្លួនមុន ឬកំពុងចូលរួមក្នុងការជ្រៀតជ្រែកកិច្ចការបោះឆ្នោតបរទេស រាប់បញ្ចូលទាំងសកម្មភាពដែលរំលោភព្រហ្មទណ្ឌសហព័ន្ធ, សិទ្ធិបោះឆ្នោត ឬច្បាប់ហិរញ្ញវត្ថុសម្រាប់យុទ្ធនាការ ឬ សកម្មភាពបែបនោះ ដែលប្រព្រឹត្តដោយជនណាដែលដើរតួជាភ្នាក់ងាររបស់ ឬ ក្នុងនាមនៃ ឬ ដោយមានការសម្របសម្រួលជាមួយ រដ្ឋាភិបាលបរទេស ឬ អង្គការឧក្រិដ្ឋជនដែលមានការចាត់តាំង ។
- ឈានទៅដល់ការទប់ស្កាត់, បង្អាក់ ឬ សេចក្តីសម្រេចអនុគ្រោះដល់ការប្រព្រឹត្តសកម្មភាពជ្រៀតជ្រែកកិច្ចការបោះឆ្នោតបរទេស ។
- សកម្មភាពព្យាបាទតាមអ៊ីនធឺណិតសម្រាប់ព័ត៌មានដែល
- កំណត់អត្តសញ្ញាណ ឬ ទីតាំងលាក់ខ្លួននៃបុគ្គលណាម្នាក់ ដែលធ្វើសកម្មភាពតាមការណែនាំ ឬ ក្រោមការត្រួតត្រារបស់រដ្ឋាភិបាលបរទេសមួយ ជួយ ឬញុះញង់ឲ្យមានការរំលោភបំពានលើ ច្បាប់ស្តីពីការក្លែងបន្លំ និង ការរំលោភបំពានតាមកុំព្យូទ័រ (“CFAA”), ១៨ U.S.C. § ១០៣០ ។ នេះរាប់បញ្ចូលទាំងការជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោត ។
- កូរ៉េខាងជើងសម្រាប់ព័ត៌មានដែល
- បន្ទុចបង្អាក់យន្តការហិរញ្ញវត្ថុរបស់បុគ្គល ឬអង្គភាពទាំងឡាយណាដែលជាប់ទាក់ទិននឹងសកម្មភាពមួយចំនួន ដែលគាំទ្រដល់របបកូរ៉េខាងជើង ឬ
- កំណត់អត្តសញ្ញាណ ឬ ទីតាំងលាក់ខ្លួននៃបុគ្គលណាម្នាក់ ដែលធ្វើសកម្មភាពតាមការណែនាំ ឬ ក្រោមការត្រួតត្រារបស់រដ្ឋាភិបាលបរទេសមួយ ជួយ ឬញុះញង់ឲ្យមានការរំលោភបំពានលើ ច្បាប់ស្តីពីការក្លែងបន្លំ និង ការរំលោភបំពានតាមកុំព្យូទ័រ (“CFAA”), ១៨ U.S.C. § ១០៣០ ។ នេះរាប់បញ្ចូលទាំង ការវាយប្រហារតាមអ៊ីនធឺណិត និង ការចូលលុកលុយលើបណ្តាប្រព័ន្ធរដ្ឋាភិបាលសហរដ្ឋអាមេរិក ។
ការផ្សព្វផ្សាយអំពីការផ្តល់ជូនប្រាក់រង្វាន់
នៅពេលរដ្ឋមន្រ្តីក្រសួងការបរទេសបានអនុញ្ញាតឲ្យមានការផ្តល់ប្រាក់រង្វាន់មួយ RFJ ធ្វើការផ្សព្វផ្សាយវា ហើយបញ្ចូលឲ្យដល់អ្នកស្តាប់ និង អ្នកទស្សនាគោលដៅ តាមរបៀបមួយដែលសមស្របតាមវប្បធម៌ ដោយប្រើមធ្យោបាយផ្សេងៗ រាប់បញ្ចូលទាំង ប្រព័ន្ធផ្សព្វផ្សាយសង្គម កម្មវិធីឈែតសង្គម និង ប្រព័ន្ធផ្សព្វផ្សាយតាមលក្ខណៈបុរាណ ។
ការដំណើរការតម្រុយ
ការផ្សព្វផ្សាយទាំងអស់របស់ RFJ ណែនាំឲ្យបុគ្គលទាំងឡាយផ្ញើសារជាអក្សរនូវព័ត៌មានរបស់ពួកគេមកកាន់ខ្សែផ្តល់ដំណឹងតាមភាសាជាក់លាក់របស់ RFJ តាមរយៈកម្មវិធីផ្ញើសារជាអក្សរជាច្រើន ដែលមានកូដសម្ងាត់ និងអាចរកបានយ៉ាងទូលំទូលាយ រាប់បញ្ចូលទាំង Signal, Telegram, និង WhatsApp ។ បុគ្គលទាំងឡាយក៏អាចផ្ញើព័ត៌មានរបស់ពួកគេតាមអ៊ីមែល និង គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផងដែរ ។
RFJ នឹងចែកចាយព័ត៌មានអំពីតម្រុយដែលសមស្របទៅដល់បណ្តាទីភ្នាក់ងារ USG ដទៃទៀត ។
ការបើកប្រាក់រង្វាន់
បើសិនព័ត៌មានដែលផ្តល់ដោយអ្នករាយការណ៍ម្នាក់ នាំឲ្យបានលទ្ធផលវិជ្ជមាន ទីភ្នាក់ងារស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក ដែលធ្វើការលើករណីនោះ អាចសម្រេចដាក់ឈ្មោះអ្នករាយការណ៍នោះសម្រាប់ការបើកប្រាក់រង្វាន់ ។ ការស្នើដាក់ឈ្មោះសម្រាប់ការបើកប្រាក់ទាំងអស់ ត្រូវត្រួតពិនិត្យឡើងវិញដោយគណៈកម្មការអន្តរទីភ្នាក់ងារ ហើយបន្ទាប់មក បញ្ជូនទៅរដ្ឋមន្រ្តីក្រសួងការបរទេស ដើម្បីពិនិត្យសម្រេចថាត្រូវបើកប្រាក់ឬអត់ ។
ចាប់តាំងពីការកកើតក្នុងឆ្នាំ ១៩៨៤ មក កម្មវិធីបានបើកប្រាក់រង្វាន់លើសពី ២៥០ លានដុល្លារ ជូនដល់មនុស្សជាង ១២៥ នាក់នៅទូទាំងសកលលោក ដែលបានផ្តល់ព័ត៌មានដែលអាចមានចំណាត់ការបាន ដែលបានជួយដោះស្រាយការគំរាមកំហែងនានាដល់សន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ។

